© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
«ហ្គេមជីវិត» គឺជាខ្សែភាពយន្តថ្មី បង្ហាញពីការលេងល្បែងស្នេហារវាង អាទិត្យ និង សំណាង ដែលធ្លាប់មានអតីតកាលរួមគ្នាដោយចៃដន្យជ្រុលជ្រួសរហូតមានកូនជាមួយគ្នា។ អាទិត្យ មិនបានដឹងខ្លួនថាធ្វើអោយនារីម្នាក់មានផ្ទៃពោះ ព្រោះតែត្រូវទៅរៀនបន្តនៅក្រៅប្រទេស ចំណែកឯ សំណាង ត្រូវគេចខ្លួនទៅរស់នៅតាមខេត្ត ដើម្បីសម្រាលកូនទាំងវៃក្មេង។
អាទិត្យ គឺជាបុរសសង្ហាមានមនុស្សស្រីជាច្រើនតាមស្រលាញ់ និងប្តូរមនុស្សស្រីដូចជាប្តូរខោអាវ ព្រោះសំអាងថា ខ្លួនជាកូនអ្នកមានមិនខ្វល់ពីអ្វី ក្រៅពីភាពសប្បាយ។ អ្វីៗត្រូវបានបផ្លាស់ប្តូរ បន្ទាប់ពី អាទិត្យ បានជ្រុលជ្រួសជាមួយ សំណាង និងជាដើមហេតុធ្វើអោយ Marry ត្រូវជាសង្សារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ ទើបគំនុំសងសឹកពីមនុស្សនៅជុំវិញខ្លួនបានកើតឡើង ជាពិសេសនោះការតាមធ្វើបាបរបស់បងប្រុស Marry ស្ទើរតែបាត់បង់ក្រុមហ៊ុន និងក្រុមគ្រួសារ។
សំណាង ជាមនុស្សឆ្លាត រឹងមាំ រហ័សរហួន ខំធ្វើការរកលុយ ដើម្បីធ្វើជាទុនរៀនបន្តនៅមហាវិទ្យាល័យដោយខ្លួនឯង ប៉ុន្តែក្តីសុបិន្តក៏ត្រូវបំផ្លាញ ពេលដែលត្រូវពពោះទាំងវ័យក្មេង និងចិញ្ចឹមកូនតែម្នាក់ឯង ព្រោះតែភាពចៃដន្យ កំហឹងកាន់តែកើនឡើង ព្រោះតែការធ្លោយមានកូនជាមួយបុរសមិនចេះទទួលខុសត្រូវដូចជា អាទិត្យ។
ត្រឡប់មកជួបគ្នាម្តងទៀត ក្នុងនាមម្នាក់ជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង និងម្នាក់ទៀតជា BA ប្រម៉ូដផលិតផល អាទិត្យ មិនបានដឹងថា ជេស៊ី គឺជា សំណាង នោះទេ ដោយសារនាងបានផ្លាស់ប្តូរឈ្មោះ និងលុបប្រវិត្តចាស់ៗរបស់ខ្លួនចោល ដើម្បីក៏សាងជីវិតថ្មី។ ជេស៊ី នៅតែចងគំនុំជាមួយ អាទិត្យ ព្រោះជាដើមហេតុធ្វើអោយនាងខូចអនាគត មានកូននៅវ័យក្មេង ទើបធ្វើអោយនាង ព្យាយាមរកគ្រប់វិធី ដើម្បីធ្វើបាប អាទិត្យ ដោយយកសម្រស់ទៅទាក់ទាញ។ ចំពោះ អាទិត្យ វិញក្រោយដឹងថា ជេស៊ី លេងសើចមកលើខ្លួន ពួកគេទាំងពីរនាក់ក៏ចាប់ផ្តើមលេងល្បែងស្នេហា ឌឺដងគ្នាទៅវិញទៅមក បង្កើតទៅជាការចងគំនុំគ្នាមិនចេះចប់។ តើល្បែងស្នេហាមួយនេះ អាចក្លាយជាស្នេហាពិតដែរទេរវាង អាទិត្យ និង ជេស៊ី?
ទាំងនេះគ្រាន់តែជាការរៀបរាប់នូវសាច់រឿងខ្លះៗប៉ុណ្ណោះ ចង់ដឹងថា ភាពយន្តថ្មី «ហ្គេមជីវិត» ល្អមើលយ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនាចាប់ពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នៅវេលាម៉ោង ៧ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី