© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ស្ថានីយ៍ទូរទស្សន៍ PNN បានសហការជាមួយយ៉ាងស្អិតរមួតជាមួយនឹងក្រុមហ៊ុន Boostrong បានបន្តលើកស្ទួយគុនខ្មែរយ៉ាងផុសផុល ដោយបានរៀបចំព្រឹត្តិការណ៍ធំៗ នាពេលកន្លងមកយ៉ាងជោគជ័យ ខណៈដែលថ្ងៃសៅរ៍ ទី១៣ ខែកញ្ញាចុងសប្ដាហ៍នេះ Boostrong នឹងនាំយកមហាព្រឹត្តិការណ៍គុនខ្មែរដ៏កក្រើកថ្មីមួយទៀតហើយ
ពោលគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ “Boostrong King of Power Kun Khmer” ក្នុងប្រភេទទម្ងន់ ៦0គីឡូក្រាម ដែលមានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់២០លានរៀល។ ការប្រកួតដ៏សំខាន់ និងគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមខាងលើនេះគឺជាការឡើងមកការពារខ្សែក្រវាត់ជាលើកដំបូងរបស់អ្នកលេងជើងរន្ទះធន់ផានិត ដែលរូបគេបានគ្រងខ្សែក្រវាត់នេះមកអស់រយៈពេលប្រមាណ៤ខែកន្លងមក ខណៈដែលកំពូលអ្នកលេងកណ្ដាប់ដៃគុនខ្មែររហុង សុវណ្ណចាន់សុធីជាបេក្ខភាពឡើងមកដណ្ដើម ដែលរូបគេក៏បានឆ្លងកាត់ឧបស្គចំនួន២ប្រកួតក្នុងវគ្គជម្រុះម៉ារ៉ាតុនកាលពីពាក់កណ្ដាលខែសីហាកន្លងទៅ ហើយបានក្លាយជាម្ចាស់ពានរង្វាន់ផងដែរ។ មានមតិជាច្រើនដែលកំពុងតែប្រទាញប្រទុងគ្នាថាភាគីមួយណាជាអ្នកទទួលជ័យជម្នះនៅថ្ងៃខាងមុខនេះ និងក្លាយជាម្ចាស់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពី Boostrong។ ចំពោះការប្រកួតដណ្ដើមខ្សែក្រវាត់ “Boostrong King of Power Kun Khmer” នេះនឹងប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។
ក្រៅពីគូប្រកួតដណ្តើមខ្សែក្រវាត់ខាងលើនេះ លោកអ្នកដែលពេញនិយមគាំទ្រគុនខ្មែរក៏នឹងបានទស្សនាការប្រកួតគូអន្តរជាតិចំនួន ៤គូបន្ថែមទៀត ក្នុងនោះមាន ខ្លាខ្មៅមុខស្រស់ឡុង បេនលឿន ត្រូវប្រកួតជាមួយកីឡាករមកពីប្រទេសបែលហ្សិក អូម៉ា ម៉ាហៀ ខណៈដែលម្ចាស់ឡាន Boostrong ចាន់ ប៊ុនហឿន នឹងត្រូវស្វាគមន៍ជាមួយជើងខ្លាំងអ៊ីរ៉ង់ អាម៉េត ម៉ាស៊ូមីនៀ រីឯខ្លាខ្មៅកំពង់ចាម ធន់ ម៉េងហុង ត្រូវប៉ះអ្នកលេងកណ្ដាប់ដៃមកអ៊ីរ៉ង់ អាលី វ៉ាឡាឌី ចំណែកឯអ្នកលេងរន្ទះជើងខេត្តព្រៃវែង ធន់ ធារ៉ា នឹងត្រូវប្រកួតជាមួយកីឡាករអ៊ីរ៉ង់ ហាម៉ីត អ៊ែហ្វថេខា។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ៥:១៥នាទីល្ងាចតទៅនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសបុក Boostrong ផងដែរ។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារកីឡាPNN