© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន GANZBERG Kun Khmer Super Strike បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយនាថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរយ៉ាងជក់ចិត្តចំនួនបីគូបន្ថែមទៀតផងដែរ។ កំពូលជើងខ្លាំងដែលនឹងមកបញ្ចេញស្នៀតគុនអង្រួនសង្វៀន PNN ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាប្ដាហ៍នេះមានដូចជា ស្ដេចតុកែ ធន់ វណ្ណា ត្រូវប៉ះដៃគូចាស់មកពីប្រទេសថៃ ប៉ានផេត ស៊ីតសាងប្រាប ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦០គីឡូក្រាម រីឯរាជសីហ៍ក្រុងអង្គរ លី រិទ្ធី នឹងត្រូវជួបអ្នកប្រដាល់ថៃ កងប៉ាទុម ស៊ីតសាងប្រាប ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៧៥គីឡូក្រាម។ ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ប្រាំទឹក ក្នុងមួយទឹក មានរយៈពេលបីនាទី។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរបីគូផ្សេងទៀតនោះមាន ចិត សុភី របស់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ប្រកួតជាមួយឌុន អគ្គីនេត របស់ក្លិបអេភូថង ចំណែកឯអ្នកប្រដាល់វ័យក្មេង ពេជ្រ ប្រាំមួយម៉ឺន ប្រកួតជាមួយ ស៊ុម ខេមរា ខណៈដែលគូបើកឆាកវិញគឺជាការប៉ះគ្នារវាង ថេន អាថាន់ និង ដែន វេហា ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក,
ទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg ។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ ក្រុមកាងារភីអិនអិន