© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សង្វៀន Ganzberg Kun Khmer Super Strike បានឈានដល់សប្ដាហ៍ថ្មីនៃខែមីនា នាថ្ងៃអាទិត្យ ទី៣ នេះ មានការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកមានរហូតដល់ទៅ៣គូតែម្ដង និងការប្រកួតជើងខ្លាំងគុនខ្មែរប៉ះជើងខ្លាំងគុនខ្មែរចំនួនពីរគូបន្ថែមទៀតផងដែរ។
បេក្ខភាពជើងខ្លាំងគុនខ្មែរនឹងមានវត្ថមានក្នុងសប្ដាហ៍នេះ មានដូចជាអ្នកលេងគុនខ្មែរចិត្តសឿន អេ ណារ័ត្ន នឹងត្រូវប៉ះដៃគូថ្មី ស៊ែងតាក់វ៉ាន់ ឆ.ហាផាយ៉ាក់ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
រីឯជើងខ្លាំងគុនខ្មែរម្ចាស់ខ្សែក្រវ៉ាន់ Global Fight កីឡាករ ហេង ប្រុសនិច នឹងបង្ហាញវត្តមានលើកដំបូងនៅទឹកដីកម្ពុជា ដែលនឹងត្រូវស្វាគមន៍ម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាលមកពីប្រទេសថៃ ណាវី ឆ.ឆើតឆៃ ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥១គីឡូក្រាម។
ចំណែកគូអន្តរជាតិមួយគូទៀតគឺអ្នកប្រដាល់ល្អជើង សោម ពិសិដ្ឋ នឹងត្រូវល្បងក្បាច់គុនជាមួយអ្នកប្រដាល់ឆ្លងទ្វីបមកពីប្រទេសរុស្សី ខុនស្ទ៊ែនទីន រ៉ូឌេនកូ សម្រាប់ការប្រកួតនេះធ្វើឡើងលើប្រភេទទម្ងន់ ៦៧គីឡូក្រាម ។
ចំពោះការប្រកួតមិត្តភាណអន្តរជាតិទាំង៣គូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ៥ទឹក ក្នុង១ទឹក មានរយៈពេល៣នាទី ។ ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ២គូផ្សេងទៀតនោះ គឺអ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជិន ចាង នឹងត្រូវជួបជាមួយ ឆូន បួន របស់ក្លិបបញ្ជាការទ័ពពិសេសក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ចំណែកឯអ្នកប្រដាល់វ័យក្មេងកំពុងឡើងជើងរបស់ក្លិបបញ្ជាការដ្ឋានទ័ពិសេស ស៊ុម ខេមរា នឹងត្រូវប្រកួតជាមួយ ជុន រាត្រី មកពីក្លិបប្រដាល់បញ្ជាការដឹកជញ្ជូនលេខ៩០។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports, គេហទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ដោយ៖ សំណាង