© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
មួយរយៈពេលចុងក្រោយនេះមានការជជែកវែកញែកគ្នាមិនអស់មិនហើយពីព្រិត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដ៏ធំកក្រើកមិនធ្លាប់មានរបស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលសហការណ៍គ្នាជាមួយក្រុមហ៊ុនស្រាបៀរ Ganzberg ។ នៅថ្ងៃអាទិត្យទី១០ ខែធ្នូ ខាងមុខនេះអ្នកប្រដាល់ចំនួន ១២ រូបដែលមានកីឡាករកម្ពុជា ៧ រូបនិងកីឡាករបរទេសជើងខ្លាំងចំនួន ៥ រូបផ្សេងទៀតដែលសុទ្ធតែជាម្ចាស់ខ្សែក្រវាត់នឹងមកធ្វើការប្រកួតនៅសង្វៀន PNN ព្រែកព្នៅដែលគេឱ្យឈ្មោះកម្មវិធីដ៏កក្រើកនេះថា Ganzberg Kun Khmer Super Strike ។
គូធំជាងគេនៅក្នុងកម្មវិធីខាងលើនេះគឺជាជំនួបរវាង ឡុង សំណាង និង អេអាំម៉ារីន ភូថង។ ឡុង សំណាង ជាអ្នកចំណាយដើមព្រោះជាម្ចាស់ខ្សែក្រវាត់ Ganzberg រដូវកាលទី ៣ របស់ PNN ដែលហ៊ានដាក់ខ្សែក្រវាត់នេះទៅឱ្យទាយាទលោក អេ ភូថង មកដណ្តើម។ ដូចនេះមានមតិជាច្រើនដែលកំពុងតែប្រទាញប្រទុងគ្នាថាភាគីមួយណាជាអ្នកទទួលជ័យជម្នះនៅថ្ងៃខាងមុខនេះ។
ក្រៅពីគូប្រកួតដាក់និងដណ្តើមខ្សែក្រវាត់ Ganzberg នេះហើយលោកអ្នកដែលពេញនិយមគាំទ្រគុនខ្មែរក៏នឹងបានទស្សនាការប្រកួតគូអន្តរជាតិចំនួន ៥ គូជាមុនសិនដែរដែលក្នុងនោះមាន ម៉ឺន មេឃា ប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ អ៊ែល អៅអឺស ឃឹម បូរ៉ា ប្រកួតជាមួយកីឡាករថៃ រុងស៊ែងតាក់វ៉ាន់ ឡៅ ចន្ទ្រា ប្រកួតជាមួយកីឡាករថៃ ឌែនផៈនុម ឡៅ ចិត្រា ប្រកួតជាមួយកីឡាករអាហ្វ្រិកខាងត្បូង អេនរីកូ ឌីវីតនិង រឿង សោភ័ណ្ឌ ប្រកួតជាមួយកីឡាករអេមេរិច វីលៀម វែន ផងដែរ។
ការប្រកួតគូមិត្តភាពអន្តរជាតិចំនួន ៥ គូនេះប្រសិនបើកីឡាករកម្ពុជាឈ្នះការប្រកួតនោះគេនឹងទទួលបានទឹកប្រាក់លើកទឹកចិត្តបន្ថែមចំនួន 2លានរៀលភ្លាមៗពី Ganzberg។
លោក ម៉ា ស៊ីថេត អ្នករៀបចំកម្មវិធីប្រកួតនេះបានបង្ហើបផងដែរថា ក្រៅពីការប្រកួតនៅលើសង្វៀនគេក៏មានការបង្ហាញពីសិល្បៈរបាំបូរាណ និងសម័យដែលចូលរួមដោយតារាចម្រៀងរ៉េបដ៏ល្បីជាអ្នកច្រៀងអមដំណើរកីឡាករចេញមកកាន់សង្វៀននិងកម្មវិធីកម្សាន្តអារម្មណ៍ផ្សេងៗទៀតដែរ។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports និងហ្វេសបុក Beer Ganzberg។ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត៕
ដោយ៖ សំណាង